ព័ត៌មានជាតិ
សម្ដេចតេជោ ៖ កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក បន្ទាប់ក្លាយជាសមាជិកទី ១០ របស់អាស៊ាន។

ការលើកឡើងខាងលើនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២២នេះ បានអញ្ជើញទទួលពានរង្វាន់ «សមិទ្ធផលពេញមួយជីវិតរបស់មេដឹកនាំឆ្នើម» ដែលត្រូវបានប្រគល់ជូនដោយវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់តាំងពីប្រទេសកម្ពុជា បានក្លាយជាសមាជិកទី ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងឆ្នាំ ១៩៩៩មក, កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយ ដែលបានធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងតំបន់ និងពិភពលោក។

ម្យ៉ាងទៀត ប្រទេសកម្ពុជា ក៏បានកសាងចំណងមិត្តភាព និងសហប្រតិបត្តិការល្អប្រសើរ ជាមួយបណ្តាប្រទេសនានា ហើយបានកំពុងចូលរួមបំពេញតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការអន្តរជាតិ ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

ជាក់ស្ដែង កិច្ចខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ានដោយជោគជ័យ នៅឆ្នាំ ២០០២, ២០១២ និង ២០២២ គឺជាមោទនៈភាពជាតិសម្រាប់កម្ពុជា នៅលើឆាកអន្តរជាតិ ដែលបង្ហាញដល់ពិភពលោក អំពីស្មារតីរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីសន្តិភាព, ស្ថិរភាព, សន្តិសុខ និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងសកលលោក និងតំបន់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្រាប់ឆ្នាំ ២០២២នេះ, ប្រទេសកម្ពុជា បានទទួលជាប្រធានអាស៊ានប្ដូរវេនជាលើកទី ៣ ស្របពេលដែលតំបន់ និងសកលលោកកំពុងប្រឈមនឹងសម្ពាធពីគ្រប់ទិសទី រួមមាន៖ ការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ, សង្គ្រាម, ជំងឺកូវីដ-១៩,វិបត្តិស្បៀងអាហារ និងថាមពល, និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភព លោក ក៏ទោះបីជួបប្រទះនូវបញ្ហាប្រឈមជាច្រើនក្តី, ប្រទេសកម្ពុជា បានដឹកនាំនាវាអាស៊ាន ប្រកបដោយជោគជ័យ ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។
ការណ៍នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ លើរបៀបវារៈសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ និងការព្យាយាមប្រមូលនូវកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាចធំៗ, បណ្តុះទំនាក់ទំនងមិត្តភាព, ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងសង្គម និងសេដ្ឋកិច្ច, កសាងទំនុកចិត្តជាមួយប្រទេសដៃគូ, និងជាពិសេស ដើម្បីជំរុញសមាហរណកម្មតំបន់ និងសម្រេចឲ្យបាននូវ «ចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥»។
លើសពីនេះទៀត ការរក្សាបាននូវកិត្យានុភាពអាស៊ាន ក្នុងសកលលោកលើគ្រប់ទិដ្ឋភាព មិនអាចកាត់ផ្តាច់ពីការ ចូលរួមចំណែករបស់ដៃគូសន្ទនាអាស៊ាននានា, ជាពិសេសសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវ បានទទួលស្គាល់ថា ជាមហាអំណាចសេដ្ឋកិច្ចទី ២ លើសកលលោកបាននោះទេ។
ជាក់ស្តែង, កិច្ចសហប្រតិបត្តិការអាស៊ាន-ចិន បានរីកចម្រើនជាលំដាប់ក្នុងរយៈពេល ៣ទសវត្សរ៍កន្លងមកនេះ ដោយឆ្លុះបញ្ចាំងតាមរយៈការបង្កើត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» កាលពីឆ្នាំ ២០២១ ហើយក៏កំពុង ឈានទៅស្ថាបនា «តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០» នាពេលឆាប់ៗខាងមុខ៕

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី